ថ្នាក់ដឹកនាំ KB Financial Group បានទទួលការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សេអ៊ូល ថ្ងៃទី 13 ខែកញ្ញា 2024៖ លោក Yang Jong-hee ប្រធាននាយកប្រតិបត្តិ KB Financial Group និងថ្នាក់គ្រប់គ្រង KB Financial Group ព្រមទាំងថ្នាក់ដឹកនាំ ធនាគារ ខេប៊ីប្រាសាក់ បានទទួលការអនុញ្ញាតពី ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនានា នៅ​សណ្ឋាគារ Incheon Inspire Resort នៅទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ នាព្រឹក​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024 នេះ។

សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ច និងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី 25 នៅប្រទេសកូរ៉េខាងត្បូង។

ក្នុងជំនួបសម្តែងការគួរសមនេះ លោក Yang Jong-hee  បានជម្រាបជូនសម្តេចតេជោ ពីស្ថានភាពអាជីកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ គូកមីន ក្នុងការបន្តផ្ដល់សេវាហិរញ្ញវត្ថុដែលសម្បូរបែបប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍​ ព្រមទាំងចូលរួមក្នុងសកម្មភាពការងារសង្គមជាច្រើនដូចជា ការឧបត្ថម្ភកញ្ចប់ថវិកាជូនដល់​មូលនិធិអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន,​ ការជួយសង្គ្រោះកុមារកម្ពុជាតាមរយៈការផ្តល់ការវះកាត់ដល់កុមារដែលមានជំងឺបេះដូង, ការសាងសង់អគារបណ្ណាល័យនិងបន្ទប់រៀនដោយមានបំពាក់សម្ភារៈសិក្សាតាមបទដ្ឋានដែលមាន។

បន្ថែមលើសពីនេះផងដែរ លោកបានថ្លែងបន្តថា KB Financial Group បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជាក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខណៈដែលសម្តេចធិបតីបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េកាលពីខែឧសភា ឆ្នាំ 2024 កន្លងទៅនេះ ដើម្បីបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនឃ្យូអរកូតរវាងប្រទេសទាំងពីរ ក្នុងគោលបំណងសម្រួលការចាយវាយរបស់ភ្ញៀវទេសចរ និងការទូទាត់ពាណិជ្ជកម្មនានា។ លោកក៏បានជម្រាបបន្ថែមដែរថា ធនាគារ ខេប៊ីប្រាសាក់ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងការងារកម្ពុជា ដើម្បីផ្តល់កម្ចីក្នុងអត្រាការប្រាក់សមរម្យដល់ពលករកម្ពុជាដែលត្រូវទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន និងប្រទេសដទៃទៀត។ 

ជាចុងបញ្ចប់នៃជំនួប លោក Yang Jong-hee  បានបន្ថែមថា ធនាគារ ខេប៊ីប្រាសាក់ នឹងអនុវត្តសារាចរណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់​អតិថិជន ​ដែល​ត្រូវ​បំពេញកាតព្វកិច្ចសងត្រលប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច​តាម​រយៈ​ការបង្កើន​លំហូរសាច់ប្រាក់។ លោក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក និងក្រុម​ការងារបាន​ជួប​សម្តែង​ការ​គួរសម​ក្នុង​ឱកាស​ដែល​សម្តេច​មាន​ដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋកូរ៉េ និងសូមគោរពជូនពរសម្តេច ព្រមទាំងគណៈប្រតិភូអមដំណើរទទួល​បាន​នូវ​សេចក្តី​សុខ ជោគ​ជ័យគ្រប់ភារកិច្ច និងរីកចម្រើនជានិរន្តរ៍។

សូមបញ្ជាក់ថា KB Financial Group គឺក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េ ដែលផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប។ KBFG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង ជំរុញកំណើន និងផ្តល់នូវគុណតម្លៃនៅក្នុងបរិយាកាសហិរញ្ញវត្ថុដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចំណុចខ្លាំងស្នូលគឺជំនាញ ចំនួនអតិថិជនច្រើន បណ្តាញចែកចាយធំទូលាយ និងនាមករណ៍រឹងមាំ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 11 ។ សម្រាប់ព័ត៌មានបន្ថែម៖ www.kbfg.com