ធនាគារ ខេប៊ីប្រាសាក់ ចុះអនុស្សរណៈនៃការយាគយល់គ្នាជាមួយក្រសួងការងារក្នុងការផ្ដល់កម្ចីគ្មានទ្រព្យធានាសម្រាប់ពលករ និងសិក្ខាកាម

ភ្នំពេញ កម្ពុជា ថ្ងៃទី 9 ខែសីហា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់កម្ចីគ្មានទ្រព្យធានាដល់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចសហការនេះមានគោលបំណងជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយហិរញ្ញវត្ថុក្នុងអំឡុងពេលរៀបចំឯកសារទៅធ្វើការងារនៅបរទេស។

ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កម្ចីដែលគ្មានទ្រព្យធានានេះនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលចាំបាច់ដល់ពលករ និងសិក្ខាកាម ដោយធានាថាពួកគាត់អាចរ៉ាប់រងការចំណាយទាក់ទងនឹងការរៀបចំឯកសារ និងការចំណាយចាំបាច់ផ្សេងទៀតសម្រាប់ធ្វើការនៅបរទេស។ ជាមួយនឹងចំនួនទឹកប្រាក់កម្ចីរហូតដល់ 5,000 ដុល្លារអាមេរិក អត្រាការប្រាក់សមរម្យ 8.5% ក្នុងមួយឆ្នាំ និងរយៈពេលកម្ចីរហូតដល់ 24 ខែ សេវាប្រាក់កម្ចីនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទទួលបាន និងផ្ដល់សារៈប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិនៃធនាគារ ខេប៊ីប្រាសាក់ បានអត្ថាធិប្បាយលើគំនិតផ្តួចផ្តើមថ្មីនេះរបស់ក្រសួង ដោយមានប្រសាសន៍ថា “យើងខ្ញុំគាំទ្រពលករ និងសិក្ខាកាមរបស់ប្រទេសជាតិយើង។ តាមរយៈការផ្តល់កម្ចីគ្មានទ្រព្យធានាទាំងនេះ យើងមានគោលបំណងលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុដែលជារឿយៗរារាំងប្រជាជនយើងពីការស្វែងរកឱកាសការងារនៅក្រៅប្រទេស។ ភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងក្នុងការជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ”។

ពលករ និងសិក្ខាកាម ដែលទទួលស្គាល់ដោយក្រសួងការងារ ហើយមានបំណងចង់ស្នើសុំកម្ចី ដើម្បីគាំទ្រការធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេស សូមអញ្ជើញទាក់ទងទៅសាខាធនាគារ ខេប៊ីប្រាសាក់ សម្រាប់ព័ត៌មានលម្អិតអំពីរបៀបដាក់ពាក្យស្នើសុំ ឬ ទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ។