ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ៖ ធនាគារ ខេប៊ីគូកមីន (ប្រធាននាយកប្រតិបត្តិ លោក Lee Jae Keun) បានប្រកាសនៅថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2024 ថា ធនាគារបានរៀបចំពិធីប្រគល់កញ្ចប់ជំនួយដល់កុមារដែលមានជំងឺបេះដូងនៅកម្ពុជា។
ធនាគារ ខេប៊ីគូកមីន ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភគាំទ្រការវះកាត់បេះដូងដល់កុមារដែលមានជំងឺបេះដូងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2014 មកម្ល៉េះ ដោយចាប់ផ្តើមពីការបង្កើតមជ្ឈមណ្ឌលបេះដូងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ កុមារជាង 250 នាក់បានទទួលការវះកាត់បេះដូង ហើយសុបិននិងក្តីសង្ឃឹមរបស់ពួកគេបានក្លាយជាការពិត។ ឆ្នាំនេះ ធនាគារបានជួយកញ្ចប់ជំនួយដល់កុមារ 25 នាក់ដែលមានជំងឺបេះដូង។
ពិធីប្រគល់អាហារូបករណ៍នេះ មានការអញ្ជើញចូលរួមពីលោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ លោក Kim Hyeun Jong អនុប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ នាយកប្រចាំប្រទេស Hebron Medical Country (HMC) លោក KIM Woo Jung នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន លោក BAE Kian នាយកមន្ទីរពេទ្យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន និងលោក KIM Yong KI នាយកមន្ទីរពេទ្យផ្នែកវះកាត់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដើម្បីអញ្ជើញផ្តល់កញ្ចប់ជំនួយដល់កុមារដែលមានជំងឺបេះដូង និងលើកទឹកចិត្តពួកគេឱ្យមានភាពលូតលាស់ និងអនាគតភ្លឺស្វាង។
ចាប់តាំងពីឆ្នាំ 2012 មក KB បានធ្វើគម្រោងរួមចំណែកជួយដល់សង្គម ដោយបានអញ្ជើញកុមារកម្ពុជាដែលមានជំងឺបេះដូងទៅប្រទេសកូរ៉េ ដើម្បីទទួលការវះកាត់ដោយឥតគិតថ្លៃ។ រហូតមកដល់ពេលនេះ កុមារជាង 100 នាក់ដែលមានជំងឺបេះដូងបានទទួលការវះកាត់នៅប្រទេសកូរ៉េ ហើយបានត្រឡប់មកផ្ទះវិញដោយមានសុខភាពល្អ។
ថ្នាក់គ្រប់គ្រងរបស់ធនាគារ KB បានមានប្រសាសន៍ថា «យើងផ្តល់កញ្ចប់ជំនួយដើម្បីឱ្យកុមារដែលមានជំងឺបេះដូងអាចទទួលបានជីវិតថ្មីតាមរយៈការវះកាត់ និងសម្រេចសុបិនរបស់ពួកគេ។ យើងនឹងបន្តគាំទ្រផ្នែកសប្បុរសធម៌ដល់កុមារដែលជាអ្នកដឹកនាំនាពេលអនាគត ដើម្បីឱ្យពួកគេអាចធំធាត់ និងមានសុខភាពល្អ។
លើសពីនេះ ធនាគារ KB ក៏បានជួយដល់ការវះកាត់ និងព្យាបាលកុមារដែលមានបញ្ហាទម្រង់ផ្ទៃមុខនៅប្រទេសកូរ៉េ ដោយផ្តល់ក្តីសង្ឃឹមថ្មីដល់ពួកគេផងដែរ។
អំពីធនាគារ ខេប៊ីគូកមីន
ធនាគារ ខេប៊ីគូកមីន ជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េ ដែលមានចំនួនអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេស។ ធនាគារក៏កំពុងឈានមុខគេក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថលដោយផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសសម្បូរបែបដែលត្រូវបានបង្កើតឡើងដោយចំណេះធ្វើផ្នែកហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍។
ធនាគារ ខេប៊ីគូកមីន ជាសមាជិកនៃក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបង្កើតឡើងក្នុងឆ្នាំ 2008 សម្រាប់បម្រើសេវាអតិថិជនកាន់តែប្រសើរ កំណើន និងគុណតម្លៃ នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សូមស្វែងយល់បន្ថែមតាមរយៈ www.kbfg.com
អំពីធនាគារ ខេប៊ីប្រាសាក់ ម.ក
ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាធនាគារពាណិជ្ជបង្កើតថ្មី ក្នុងគោលបំណងផ្ដល់សេវា និងផលិផលធនាគារប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែបជូនដល់អតិថិជននៅកម្ពុជា លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងផ្ដល់ជូនដំណោះស្រាយសេវាធនាគារឌីជីថលដ៏ទំនើបដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។ សូមស្វែងយល់បន្ថែមតាមរយៈ www.kbprasacbank.com.kh
អំពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន
មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ជាអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញ ដែលមានគោលបំណងផ្ដល់ជំនួយវេជ្ជសាស្ត្រដល់កុមារកម្ពុជាដែលទីទ័លក្រ។ មជ្ឈមណ្ឌលនេះផ្ដល់ការព្យាបាលដល់អ្នកជំងឺជាង 60,000 និងការវះកាត់រាប់ពាន់ករណី ក្នុងនោះក៏មានការវះកាត់បេះដូងចំហជារៀងរាល់ឆ្នាំផងដែរ។ ហេប្រុន មានទីតាំងស្ថិតនៅ អគារលេខ 102 ផ្លូវ 68K ភូមិព្រៃសាលា សង្កាត់កាកាប 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព័ត៌មានបន្ថែម www.hebronmc.org