ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភបេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា ដើម្បីនាំស្នាមញញឹមដល់កុមារ

ខេត្តសៀមរាប៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការគាំទ្រដល់បេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា ក្នុងកញ្ចប់ជា Gold Sponsor ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះ ទំនួលខុសត្រូវសង្គម និងការបង្កើតឥទ្ធិពលជាវិជ្ជមាន និងមានអត្ថន័យដល់សហគមន៍កម្ពុជា។

កម្មវិធីនេះ ដែលធ្វើឡើងពីថ្ងៃទី 13 ដល់ 15 ខែមីនា ឆ្នាំ 2025 នៅមន្ទីរពេទ្យខេត្តសៀមរាប ផ្ដល់ជូននូវការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលបបូរមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗពីកំណើត។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែមានគោលបំណងស្ដារនូវស្នាមញញឹមរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមពង្រឹងនូវទំនុកចិត្ត និងគុណភាពជីវិតរបស់ពួកគេផងដែរ។

អង្គការស្នាមញញឹមកម្ពុជា ដែលជាផ្នែកមួយរបស់អង្គការស្នាមញញឹមអាស៊ី ទទួលបានការរួមសហការពី អ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រអន្តរជាតិមកពីអង្គការអនាគតស្នាមញញឹមចិន និង BEAM Hong Kong បានសហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា ដើម្បីផ្តល់ការវះកាត់ជួយកែប្រែជីវិតនេះជូនកុមារដែលមានតម្រូវការ។

ធនាគារ ខេប៊ីប្រាសាក់ មានកិត្តិយសក្នុងការគាំទ្រដល់បុព្វហេតុដ៏ថ្លៃថ្លានេះ។ ធនាគារ ខេប៊ីប្រាសាក់ តែងតែតបស្នងសង្គម ហើយនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយណាដែលបានរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍កម្ពុជា។