ភ្នំពេញ 8 តុលា 2024 ៖ ធនាគារ ខេប៊ីប្រាសាក់ ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា មានមោទនភាពក្នុងការចូលរួមឧបត្ថម្ភគម្រោង “សុវត្ថិភាពហិរញ្ញវត្ថុ” ដោយបានគាំទ្រការបោះពុម្ពសៀវភៅកម្រងមេរៀនស្ដីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។
គម្រោងនេះផ្ដួចផ្ដើមឡើងដោយ ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងឧបត្ថម្ភគាំទ្រដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើន ក្នុងនោះរួមមានធនាគារ ខេប៊ីប្រាសាក់ ផងដែរ។
ក្នុងនាមជាធនាគារពាណិជ្ជឈានមុខ ខេប៊ីប្រាសាក់ បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនចូលរួមជាមួយតួអង្គសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន និងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្ដល់សេវាហិរញ្ញវត្ថុសម្បូរបែប។


