ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 07 ខែសីហា ឆ្នាំ 2023 — ធនាគារ ខេប៊ីប្រាសាក់ ម.ក ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ បន្ទាប់ពីរួមបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក (“ប្រាសាក់”) និងធនាគារ គូកមីន កម្ពុជា ភីអិលស៊ី (“KBC”) ។
ធនាគាររួមបញ្ចូលគ្នាថ្មីនេះគឺ ធនាគារ ខេប៊ីប្រាសាក់ ម.ក (“ខេប៊ីប្រាសាក់”) ដែលមានអាជ្ញាបណ្ណធនាគារពាណិជ្ជពី ធនាគារជាតិ នៃ កម្ពុជា ហើយបានទទួលការអនុម័តលើការរួមបញ្ចូលគ្នាពីក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ។
ធនាគារ ខេប៊ីប្រាសាក់ បច្ចុប្បន្នមានសាខាសរុបចំនួន 192 នៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះកើតពីបញ្ចូលរបស់សាខាប្រាសាក់ចំនួន 184 និងសាខា KBC ចំនួន 8 ។
ការរួមបញ្ចូលដ៏ល្អឥតខ្ចោះនេះ ទាញយកភាពខ្លាំងនៃបទពិសោធន៍ជិត 30 ឆ្នាំ របស់ប្រាសាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងនវានុវត្តន៍ហិរញ្ញវត្ថុលំដាប់ពិភពលោករបស់ធនាគារគូកមីននៅក្នុងវិស័យធនាគារ ដែលអនុញ្ញាតឱ្យធនាគាររួមបញ្ចូលថ្មីនេះ ផ្ដល់សេវានិងផលិតផលធនាគារទំនើប និងសម្បូរបែប រួមផ្សំនឹងប្រព័ន្ធធនាគារស្នូលនិងឌីជីថលដែលទំនើបចុងក្រោយដើម្បីបម្រើអតិថិជនគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា លើសពីសេវាហិរញ្ញវត្ថុ។
ធនាគារ ខេប៊ីប្រាសាក់ មានភាគទុនិកដ៏រឹងមាំគឺ ធនាគារ KB Kookmin Bank ដែលជាធនាគារពាណិជ្ជធំជាងគេរបស់ប្រទេសកូរ៉េ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់មួយរបស់ KB Financial Group Inc. ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងសេវាហិរញ្ញវត្ថុសកលដែលមានមូលដ្ឋាននៅកូរ៉េ និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉ក។ ធនាគារ KB Kookmin Bank មានទិសដៅយុទ្ធសាស្ត្រ ក្នុងការនាំយកឧត្ដមានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល មកជូន ធនាគារ ខេប៊ីប្រាសាក់ សម្រាប់ធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគារ។
ជាមួយនឹងទស្សនវិស័យរួមក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ធនាគារ ខេប៊ីប្រាសាក់ ម.ក ប្តេជ្ញាក្លាយជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តបំផុត ជាមួយនឹងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ដែលជួយដល់ភាពរីកចម្រើនរបស់អតិថិជន។ ធនាគារមានគោលបំណងផ្តល់សេវាហិរញ្ញវត្ថុដែលប្រកបដោយនិរន្តរភាពជូនដល់សហគមន៍ និងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។
លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងបច្ចុប្បន្នជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានសម្តែងក្តីរំភើបចំពោះដំណើរការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់នេះថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានទទួលការអនុម័តលើដំណើរការរួមបញ្ចូលគ្នា និងមានអាជ្ញាបណ្ណធនាគារពាណិជ្ជនាពេលនេះ។ តាងនាមភាគទុនិក និងយើងខ្ញុំទាំងអស់គ្នានៅ ធនាគារ ខេប៊ីប្រាសាក់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធសម្រាប់ការគាំទ្រ ក្នុងអំឡុងពេលនៃការរួមបញ្ចូលគ្នាដ៏សំខាន់នេះ»។
«ការរួមបញ្ចូលគ្នានៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរជា ធនាគារ ខេប៊ីប្រាសាក់ ម.ក បង្ហាញពីកម្លាំងសំយោគដ៏មានឥទ្ធិពលដែលនឹងបង្កើតអត្ថប្រយោជន៍កាន់តែច្រើនឡើងសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា។ តាមការផ្សំបញ្ចូលគ្នានូវបទពិសោធន៍ឈរជើងដ៏យូរអង្វែងរបស់ប្រាសាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជំនាញកម្រិតសកលរបស់ធនាគារគូកមីនកម្ពុជា យើងនឹងក្លាយជាធនាគារដ៏រឹងមាំថ្មីមួយជាមួយនឹងបណ្តាញដ៏ធំទូលាយនូវវត្តមានសាខាកាន់តែច្រើន និងការកើនឡើងនៃទ្រព្យសកម្មសរុប»។
លោក សមអឿន បានបន្តទៀតថា «នៅពេលយើងចាប់ផ្តើមដំណើរដ៏រីករាយនេះ ធនាគារ ខេប៊ីប្រាសាក់ ម.ក សូមគោរពថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនចំពោះការផ្ដល់ទំនុកចិត្ត និងភក្ដីភាព។ យើងខ្ញុំប្តេជ្ញាធ្វើការយ៉ាងខ្លាំងក្លាដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង និងរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ»។
លោកបានថ្លែងបញ្ចប់ថា «យើងខ្ញុំមានជំនឿជឿជាក់ថា ជំនាញ ធនធាន និងការប្តេជ្ញាចិត្តសម្រេចបានលទ្ធផលល្អប្រសើរ នឹងផ្ដល់អត្ថប្រយោជន៍ជាសារវន្តចំពោះអតិថិជន និងសហគមន៍ផងដែរ ព្រមទាំងក្លាយជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត គឺ ធនាគារ ខេប៊ីប្រាសាក់ ម.ក»។
សូមបញ្ជាក់ថា រាល់ឯកសារទាំងអស់ដូចជា កិច្ចសន្យាខ្ចីបរិភោគ វិញ្ញាបនបត្រដាក់ប្រាក់បញ្ញើ ប័ណ្ណអេធីអឹម ប័ណ្ណឥណទាន សៀវភៅសន្សំ និងឯកសារច្បាប់ផ្សេងទៀតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងធនាគារគូកមីនកម្ពុជា នៅតែមានសុពលភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជនរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក តាមទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ 0969 999 911 អុីម៉ែល info@prasac.com.kh ។
អំពីធនាគារ ខេប៊ីប្រាសាក់ ម.ក
ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KB Financial Group គឺជាធនាគារពាណិជ្ជថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីនកម្ពុជា ភីអិលស៊ី។ ធនាគារពាណិជ្ជថ្មីនេះ មានទ្រព្យសកម្មសរុបចំនួន 5.7 ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ 2.9 ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបចំនួន 5.0 ប៊ីលានដុល្លារអាមរិក ការិយាល័យសាខាចំនួន 192 និងបុគ្គលិកមានចំនួនច្រើនជាង 10,000 នាក់។ ខេប៊ីប្រាសាក់ ផ្តល់ជូននូវសេវាហិរញ្ញវត្ថុសម្បូរបែប ដែលបំពេញតម្រូវការ និងចំណូលចិត្តរបស់អតិថិជន។ ធនាគារប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយសេវាធនាគារប្រកបដោយនវានុវត្តន៍ដល់អតិថិជនរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kbprasacbank.com.kh ។
អំពីធនាគារ KB Kookmin Bank
Kookmin BankCo., Ltd. គឺជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនសាខាច្រើនជាងគេបំផុតនៅក្នុងវិស័យធនាគារ និងមានអតិថិជនជាង 36 លាននាក់ ដែលសមមូលនឹងជាងពាក់កណ្ដាលនៃចំនួនប្រជាជនកូរ៉េទូទាំងប្រទេស។ ធនាគារ ខេប៊ី គូកមីន ក៏ឈរជាធនាគារនាំមុខគេលើសេវាហិរញ្ញវត្ថុឌីជីថលតាមប្រព័ន្ធទូរស័ព្ទចល័ត រួមមាន Liiv និង KB Star Banking ដោយមានអតិថិជនច្រើនជាង 17 លាននាក់។ ធនាគារ ខេប៊ី គូកមីន បានដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នាក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុង KB Financial Group ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយត៍៖ www.kbstar.com ឬ www.kbfg.com ។