ធនាគារ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស តាម KB PRASAC Mobile និង KB PRASAC Corporate

ភ្នំពេញថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2024 ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស និងគ្រឹះស្ថាននានា តាមរយៈ ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) និង ខេប៊ីប្រាសាក់ខបភើរេត (KB PRASAC Corporate) ។ គ្រប់សហគ្រាស និងគ្រឹះស្ថាន អាចបង់ភាគទាន ប.ស.ស. សម្រាប់បុគ្គលិក និយោជិត និងកម្មកររបស់ខ្លួន បានយ៉ាងងាយស្រួល។

ជាមួយនឹងមុខងារថ្មីនេះ អតិថិជន ដែលជាសហគ្រាស និងគ្រឹះស្ថាន អាចប្រើប្រាស់សេវាប្រកបដោយភាពច្នៃប្រឌិតនេះ ដើម្បីសម្រួលដំណើរការទូទាត់ បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពសាច់ប្រាក់សម្រាប់ធុរកិច្ចរបស់ខ្លួនផងដែរ។ តាមរយៈមធ្យោបាយឌីជីថលរបស់ធនាគារខេប៊ីប្រាសាក់នេះ កម្រៃសេវាក្នុងការបង់ភាគទានមក ប.ស.ស.  របស់សហគ្រាស និងគ្រឹះស្ថាន ត្រូវបានលើកលែង។

ការផ្តល់ជូននូវសេវានេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការប្រើប្រាស់នវានុវត្តន៍ឌីជីថលដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកដល់ប្រព័ន្ធអេកូឡូហ្ស៊ីផ្នែកហិរញ្ញវត្ថុឱ្យកាន់តែងាយស្រួល ទំនើប សុវត្ថិភាព និងជំរុញដល់ការរីកចម្រើននៃកម្លាំងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ បង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស ឬទូរស័ព្ទមកលេខ 098 999 911 ឬ 023 999 911។