ភ្នំពេញ ថ្ងៃទី 7 ខែមីនា ឆ្នាំ 2025 ៖ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គម ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភយុទ្ធនាការ “បរិច្ចាគឈាមសង្គ្រោះជីវិត” ហើយក្នុងនោះ ក៏មានការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកផងដែរ។ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ ត្រូវបានសហការរៀបចំដោយសមាគមធនាគារនៅកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបានធ្វើឡើងនៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។

យុទ្ធនាការនេះ មានគោលបំណងបំពេញការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាពរបស់សហគមន៍ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមជាអំណោយសង្រ្គោះជីវិត។ ជាមួយនឹងការកើនឡើងនៃតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យនានាទូទាំងប្រទេសកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការរួមចំណែកដល់បុព្វហេតុដ៏សំខាន់នេះ និងលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនក្នុងសកម្មភាពស្រដៀងគ្នានេះ។
ថ្នាក់ដឹកនាំម្នាក់របស់ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “ក្នុងនាមជាស្ថាប័នដែលមានទំនួលខុសត្រូវ ធនាគារខេប៊ីប្រាសាក់ មានកិត្តិយសដែលបានចូលរួមក្នុងបុព្វហេតុដ៏ពិសិដ្ឋនេះ។ ការបរិច្ចាគឈាមគឺជាទង្វើសាមញ្ញ ប៉ុន្តែមានឥទ្ធិពលដែលអាចជួយសង្គ្រោះជីវិតបាន ហើយយើងប្តេជ្ញាគាំទ្រសហគមន៍របស់យើងតាមរយៈគំនិតផ្តួចផ្តើមប្រកបដោយផលវិជ្ជមាននេះ”។

ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ត្រឡប់ទៅកាន់សង្គមវិញ ហើយនឹងបន្តចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ផ្សេងៗដែលផ្ដល់ការផ្លាស់ប្តូរប្រកបដោយអត្ថន័យសម្រាប់ជីវិតមនុស្សម្នាក់ៗ។








