Menu
តាមដានយើងខ្ញុំំ:

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភគម្រោង “សុវត្ថិភាពហិរញ្ញវត្ថុ” ដើម្បីផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋកម្ពុជា

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភគម្រោង “សុវត្ថិភាពហិរញ្ញវត្ថុ” ដើម្បីផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ 8 តុលា 2024 ៖ ធនាគារ ខេប៊ីប្រាសាក់ ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា មានមោទនភាពក្នុងការចូលរួមឧបត្ថម្ភគម្រោង “សុវត្ថិភាពហិរញ្ញវត្ថុ” ដោយបានគាំទ្រការបោះពុម្ពសៀវភៅកម្រងមេរៀនស្ដីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។

គម្រោងនេះផ្ដួចផ្ដើមឡើងដោយ ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងឧបត្ថម្ភគាំទ្រដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើន ក្នុងនោះរួមមានធនាគារ ខេប៊ីប្រាសាក់ ផងដែរ។

ក្នុងនាមជាធនាគារពាណិជ្ជឈានមុខ ខេប៊ីប្រាសាក់ បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនចូលរួមជាមួយតួអង្គសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន និងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្ដល់សេវាហិរញ្ញវត្ថុសម្បូរបែប។

ថ្នាក់ដឹកនាំ KB Financial Group បានទទួលការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សេអ៊ូល ថ្ងៃទី 13 ខែកញ្ញា 2024៖ លោក Yang Jong-hee ប្រធាននាយកប្រតិបត្តិ KB Financial Group និងថ្នាក់គ្រប់គ្រង KB Financial Group ព្រមទាំងថ្នាក់ដឹកនាំ ធនាគារ ខេប៊ីប្រាសាក់ បានទទួលការអនុញ្ញាតពី ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនានា នៅ​សណ្ឋាគារ Incheon Inspire Resort នៅទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ នាព្រឹក​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024 នេះ។

សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ច និងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី 25 នៅប្រទេសកូរ៉េខាងត្បូង។

ក្នុងជំនួបសម្តែងការគួរសមនេះ លោក Yang Jong-hee  បានជម្រាបជូនសម្តេចតេជោ ពីស្ថានភាពអាជីកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ គូកមីន ក្នុងការបន្តផ្ដល់សេវាហិរញ្ញវត្ថុដែលសម្បូរបែបប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍​ ព្រមទាំងចូលរួមក្នុងសកម្មភាពការងារសង្គមជាច្រើនដូចជា ការឧបត្ថម្ភកញ្ចប់ថវិកាជូនដល់​មូលនិធិអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន,​ ការជួយសង្គ្រោះកុមារកម្ពុជាតាមរយៈការផ្តល់ការវះកាត់ដល់កុមារដែលមានជំងឺបេះដូង, ការសាងសង់អគារបណ្ណាល័យនិងបន្ទប់រៀនដោយមានបំពាក់សម្ភារៈសិក្សាតាមបទដ្ឋានដែលមាន។

បន្ថែមលើសពីនេះផងដែរ លោកបានថ្លែងបន្តថា KB Financial Group បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជាក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខណៈដែលសម្តេចធិបតីបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េកាលពីខែឧសភា ឆ្នាំ 2024 កន្លងទៅនេះ ដើម្បីបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនឃ្យូអរកូតរវាងប្រទេសទាំងពីរ ក្នុងគោលបំណងសម្រួលការចាយវាយរបស់ភ្ញៀវទេសចរ និងការទូទាត់ពាណិជ្ជកម្មនានា។ លោកក៏បានជម្រាបបន្ថែមដែរថា ធនាគារ ខេប៊ីប្រាសាក់ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងការងារកម្ពុជា ដើម្បីផ្តល់កម្ចីក្នុងអត្រាការប្រាក់សមរម្យដល់ពលករកម្ពុជាដែលត្រូវទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន និងប្រទេសដទៃទៀត។ 

ជាចុងបញ្ចប់នៃជំនួប លោក Yang Jong-hee  បានបន្ថែមថា ធនាគារ ខេប៊ីប្រាសាក់ នឹងអនុវត្តសារាចរណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់​អតិថិជន ​ដែល​ត្រូវ​បំពេញកាតព្វកិច្ចសងត្រលប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច​តាម​រយៈ​ការបង្កើន​លំហូរសាច់ប្រាក់។ លោក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក និងក្រុម​ការងារបាន​ជួប​សម្តែង​ការ​គួរសម​ក្នុង​ឱកាស​ដែល​សម្តេច​មាន​ដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋកូរ៉េ និងសូមគោរពជូនពរសម្តេច ព្រមទាំងគណៈប្រតិភូអមដំណើរទទួល​បាន​នូវ​សេចក្តី​សុខ ជោគ​ជ័យគ្រប់ភារកិច្ច និងរីកចម្រើនជានិរន្តរ៍។

សូមបញ្ជាក់ថា KB Financial Group គឺក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េ ដែលផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប។ KBFG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង ជំរុញកំណើន និងផ្តល់នូវគុណតម្លៃនៅក្នុងបរិយាកាសហិរញ្ញវត្ថុដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចំណុចខ្លាំងស្នូលគឺជំនាញ ចំនួនអតិថិជនច្រើន បណ្តាញចែកចាយធំទូលាយ និងនាមករណ៍រឹងមាំ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 11 ។ សម្រាប់ព័ត៌មានបន្ថែម៖ www.kbfg.com

សេចក្ដីជូនដំណឹងពីការកែប្រែអត្រាការប្រាក់គណនីបញ្ញើមានកាលកំណត់

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងកែប្រែអត្រាការប្រាក់បើកគណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល ដែលបើកតាមសាខា កម្មវិធី KB PRASAC Mobile និងតាមសេវាខេប៊ីប្រាសាក់ខបភើរេត ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 03 ខែកញ្ញា ឆ្នាំ 2024 តទៅ តាមតារាងខាងក្រោម៖

គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ2.00%1.75%
2 ខែ2.25%2.00%
3/4/5 ខែ3.25%3.00%
6/7/8 ខែ4.25%4.00%
9/10/11 ខែ4.50%4.25%
12/18/24/36/48/60 ខែ6.25%6.00%
គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ2.00%1.75%
2 ខែ2.00%1.75%
3/4/5 ខែ3.00%2.75%
6/7/8 ខែ4.00%3.75%
9/10/11 ខែ4.25%4.00%
12/18/24/36/48/60 ខែ6.00%5.75%

* អត្រាការប្រាក់ប្រចាំឆ្នាំ

អាស្រ័យហេតុនេះ សូមអតិថិជននិងសាធារណជន ជ្រាបជាព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជន តាមលេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ។

សូមអរគុណ!

ធនាគារ ខេប៊ីប្រាសាក់ ចុះអនុស្សរណៈនៃការយាគយល់គ្នាជាមួយក្រសួងការងារក្នុងការផ្ដល់កម្ចីគ្មានទ្រព្យធានាសម្រាប់ពលករ និងសិក្ខាកាម

ភ្នំពេញ កម្ពុជា ថ្ងៃទី 9 ខែសីហា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់កម្ចីគ្មានទ្រព្យធានាដល់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចសហការនេះមានគោលបំណងជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយហិរញ្ញវត្ថុក្នុងអំឡុងពេលរៀបចំឯកសារទៅធ្វើការងារនៅបរទេស។

ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កម្ចីដែលគ្មានទ្រព្យធានានេះនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលចាំបាច់ដល់ពលករ និងសិក្ខាកាម ដោយធានាថាពួកគាត់អាចរ៉ាប់រងការចំណាយទាក់ទងនឹងការរៀបចំឯកសារ និងការចំណាយចាំបាច់ផ្សេងទៀតសម្រាប់ធ្វើការនៅបរទេស។ ជាមួយនឹងចំនួនទឹកប្រាក់កម្ចីរហូតដល់ 5,000 ដុល្លារអាមេរិក អត្រាការប្រាក់សមរម្យ 8.5% ក្នុងមួយឆ្នាំ និងរយៈពេលកម្ចីរហូតដល់ 24 ខែ សេវាប្រាក់កម្ចីនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទទួលបាន និងផ្ដល់សារៈប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិនៃធនាគារ ខេប៊ីប្រាសាក់ បានអត្ថាធិប្បាយលើគំនិតផ្តួចផ្តើមថ្មីនេះរបស់ក្រសួង ដោយមានប្រសាសន៍ថា “យើងខ្ញុំគាំទ្រពលករ និងសិក្ខាកាមរបស់ប្រទេសជាតិយើង។ តាមរយៈការផ្តល់កម្ចីគ្មានទ្រព្យធានាទាំងនេះ យើងមានគោលបំណងលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុដែលជារឿយៗរារាំងប្រជាជនយើងពីការស្វែងរកឱកាសការងារនៅក្រៅប្រទេស។ ភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងក្នុងការជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ”។

ពលករ និងសិក្ខាកាម ដែលទទួលស្គាល់ដោយក្រសួងការងារ ហើយមានបំណងចង់ស្នើសុំកម្ចី ដើម្បីគាំទ្រការធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេស សូមអញ្ជើញទាក់ទងទៅសាខាធនាគារ ខេប៊ីប្រាសាក់ សម្រាប់ព័ត៌មានលម្អិតអំពីរបៀបដាក់ពាក្យស្នើសុំ ឬ ទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ។

ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីសោមនស្ស សូមចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃចន្ទ 1 កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 5 ខែសីហា ឆ្នាំ 2024 ។

ព្រែកជីកហ្វូណនតេជោនេះមានប្រវែង 180 គីឡូម៉ែត្រ ជម្រៅ 5.4 ម៉ែត្រ (ក្រោមទឹក) ដែលត្រូវឆ្លងកាត់ខេត្តចំនួន 4 រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។ ក្នុងនោះមានផ្លូវអមសងខាងប្រវែង 208 គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទៅសមុទ្រខេត្តកែប ដែលមានទ្វារទឹក 3 កន្លែង និងស្ពាន 11 ។ គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបម្រើផលប្រយោជន៍ដល់កម្ពុជាយ៉ាងធំធេងទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។

ធនាគារ ខេប៊ីប្រាសាក់ ម.ក ​ទទួល​បាន​វិញ្ញាបន​បត្រ​អនុលោម​ភាពសារ​ពើពន្ធ​ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ 2024 ដល់ឆ្នាំ 2025 ។ ការទទួលស្គាល់នេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអនុលោមពន្ធភាពសារពើរពន្ធ តម្លាភាព និងការទូទាត់បង់ពន្ធតាមកាលកំណត់។

ថ្នាក់គ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ បានសម្តែងនូវមោទនភាព និងអំណរគុណ ដោយលើកឡើងថា “ការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ធនាគារ ខេប៊ីប្រាសាក់ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលកំណត់ដោយរាជ   រដ្ឋាភិបាលកម្ពុជា។ ពានរង្វាន់នេះគឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ និងសុចរិតភាពរបស់ក្រុមការងារទាំងមូលក្នុងការធានាបាននូវតម្លាភាព និងការបំពេញកាតព្វកិច្ចបង់ពន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តបន្ទាប់”។

លោកបានបន្ថែមថា “ក្នុងនាមគណៈគ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គនាយកដ្ឋានពន្ធដារចំពោះការទទួលស្គាល់ដ៏ថ្លៃថ្លានេះ។ យើង​ខ្ញុំបន្តប្តេជ្ញា​រក្សា​បទដ្ឋាន​ខ្ពស់បំផុត​នៃ​ការអនុលោម​​ពន្ធដារ និង​រួមចំណែក​ជា​វិជ្ជមាន​ដល់​ការរីកចម្រើន​របស់​ប្រទេសជាតិ”​។

វិញ្ញាបនបត្រនេះសបញ្ជាក់ពីការប្ដេជ្ញារបស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះការប្រកបអាជីវកម្មដោយក្រមសីលធម៌ និង ការបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានអំពីធនាគារ ខេប៊ីប្រាសាក់ សូមចូលតាមតំណភ្ជាប់ www.kbprasacbank.com.kh

KB ឧបត្ថម្ភគាំទ្រការវះកាត់សម្រាប់កុមារដែលមានជំងឺបេះដូងនៅកម្ពុជាអស់រយៈពេល 10 ឆ្នាំមកហើយ

ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ៖ ធនាគារ ខេប៊ីគូកមីន (ប្រធាននាយកប្រតិបត្តិ លោក Lee Jae Keun) បានប្រកាសនៅថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2024 ថា ធនាគារបានរៀបចំពិធីប្រគល់កញ្ចប់ជំនួយដល់កុមារដែលមានជំងឺបេះដូងនៅកម្ពុជា។

ធនាគារ ខេប៊ីគូកមីន ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភគាំទ្រការវះកាត់បេះដូងដល់កុមារដែលមានជំងឺបេះដូងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2014 មកម្ល៉េះ ដោយចាប់ផ្តើមពីការបង្កើតមជ្ឈមណ្ឌលបេះដូងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ កុមារជាង 250 នាក់បានទទួលការវះកាត់បេះដូង ហើយសុបិននិងក្តីសង្ឃឹមរបស់ពួកគេបានក្លាយជាការពិត។ ឆ្នាំនេះ ធនាគារបានជួយកញ្ចប់ជំនួយដល់កុមារ 25 នាក់ដែលមានជំងឺបេះដូង។

ពិធីប្រគល់អាហារូបករណ៍នេះ មានការអញ្ជើញចូលរួមពីលោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ លោក Kim Hyeun Jong អនុប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ នាយកប្រចាំប្រទេស Hebron Medical Country (HMC) លោក KIM Woo Jung នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន លោក BAE Kian នាយកមន្ទីរពេទ្យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន និងលោក KIM Yong KI នាយកមន្ទីរពេទ្យផ្នែកវះកាត់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដើម្បីអញ្ជើញផ្តល់កញ្ចប់ជំនួយដល់កុមារដែលមានជំងឺបេះដូង និងលើកទឹកចិត្តពួកគេឱ្យមានភាពលូតលាស់ និងអនាគតភ្លឺស្វាង។

ចាប់តាំងពីឆ្នាំ 2012 មក KB បានធ្វើគម្រោងរួមចំណែកជួយដល់សង្គម ដោយបានអញ្ជើញកុមារកម្ពុជាដែលមានជំងឺបេះដូងទៅប្រទេសកូរ៉េ ដើម្បីទទួលការវះកាត់ដោយឥតគិតថ្លៃ។ រហូត​មក​ដល់​ពេល​នេះ កុមារ​ជាង 100 នាក់​ដែល​មាន​ជំងឺ​បេះដូង​បាន​ទទួល​ការ​វះកាត់​នៅ​ប្រទេស​កូរ៉េ ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយមាន​សុខភាព​ល្អ​។

ថ្នាក់គ្រប់គ្រងរបស់ធនាគារ KB បានមានប្រសាសន៍ថា «យើងផ្តល់កញ្ចប់ជំនួយដើម្បីឱ្យកុមារដែលមានជំងឺបេះដូងអាចទទួលបានជីវិតថ្មីតាមរយៈការវះកាត់ និងសម្រេចសុបិនរបស់ពួកគេ។ យើងនឹងបន្តគាំទ្រផ្នែកសប្បុរសធម៌ដល់កុមារដែលជាអ្នកដឹកនាំនាពេលអនាគត ដើម្បីឱ្យពួកគេអាចធំធាត់ និងមានសុខភាពល្អ។

លើសពីនេះ ធនាគារ KB ក៏បានជួយដល់ការវះកាត់ និងព្យាបាលកុមារដែលមានបញ្ហាទម្រង់ផ្ទៃមុខនៅប្រទេសកូរ៉េ ដោយផ្តល់ក្តីសង្ឃឹមថ្មីដល់ពួកគេផងដែរ។

អំពីធនាគារ ខេប៊ីគូកមីន

ធនាគារ ខេប៊ីគូកមីន ជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េ ដែលមានចំនួនអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេស។ ធនាគារក៏កំពុងឈានមុខគេក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថលដោយផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសសម្បូរបែបដែលត្រូវបានបង្កើតឡើងដោយចំណេះធ្វើផ្នែកហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍។

ធនាគារ ខេប៊ីគូកមីន ជាសមាជិកនៃក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង​ ដែលបង្កើតឡើងក្នុងឆ្នាំ 2008 សម្រាប់បម្រើសេវាអតិថិជនកាន់តែប្រសើរ កំណើន និងគុណតម្លៃ នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សូមស្វែងយល់បន្ថែមតាមរយៈ www.kbfg.com

អំពីធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាធនាគារពាណិជ្ជបង្កើតថ្មី ក្នុងគោលបំណងផ្ដល់សេវា និងផលិផលធនាគារប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​សម្បូរ​បែប​ជូន​ដល់អតិថិជននៅ​កម្ពុជា លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ជំរុញ​កំណើន​សេដ្ឋកិច្ច និងផ្ដល់ជូនដំណោះស្រាយសេវាធនាគារឌីជីថលដ៏ទំនើបដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។ សូមស្វែងយល់បន្ថែមតាមរយៈ www.kbprasacbank.com.kh

អំពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ហេប្រុន

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ហេប្រុន ជាអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញ ដែលមានគោលបំណងផ្ដល់ជំនួយវេជ្ជសាស្ត្រ​ដល់កុមារកម្ពុជាដែលទីទ័លក្រ។ មជ្ឈមណ្ឌលនេះ​ផ្ដល់ការព្យាបាល​ដល់អ្នកជំងឺជាង 60,000 និងការវះកាត់រាប់ពាន់ករណី ក្នុងនោះក៏មានការវះកាត់បេះដូងចំហជារៀងរាល់ឆ្នាំផងដែរ។ ហេប្រុន មានទីតាំងស្ថិតនៅ អគារលេខ 102 ផ្លូវ 68K ភូមិព្រៃសាលា សង្កាត់កាកាប 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព័ត៌មានបន្ថែម www.hebronmc.org

ធនាគារជាតិនៃកម្ពុជា និងម្ចាស់ភាគហ៊ុនរបស់ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងកូរ៉េ

ភ្នំពេញ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank – កូរ៉េ បានប្រកាសថា ធនាគាររួមជាមួយម្ចាស់ភាគហ៊ុនរបស់ខ្លួនគឺ KB Kookmin Bank បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេស​កម្ពុជា និង ប្រទេសកូរ៉េខាងត្បូង ដែលបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងវេទិកា​ធុរកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី​ 16 ខែឧសភា ដោយមានការរៀបចំពីសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ។

ការចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នានេះ គឺដើម្បីជំរុញប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ផ្ទេរប្រាក់ ការទូទាត់ជារូបិយប័ណ្ណជាតិរវាងកម្ពុជា និងកូរ៉េខាងត្បូង សំដៅកសាងទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុរបស់ពលករចំណាកស្រុកកម្ពុជា។

សេវាហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិតនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី KB PRASAC Mobile ធ្វើការស្កេន និង​ទូទាត់តាមឃ្យូអរកូតរបស់ KB Kookmin Bank នៅប្រទេសកូរ៉េ។ មានតែគណនីប្រាក់រៀលប៉ុណ្ណោះដែលអាចធ្វើប្រតិបត្តិការនេះតាមរយៈកម្មវិធី KB PRASAC Mobile ។ ឥឡូវនេះ អតិថិជនអាចបើកគណនីសន្សំបានដោយគ្រាន់​តែ​ទាញ​យក​​កម្មកម្មវិធី KB PRASAC Mobile ហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងសម្រាប់ការស្កេន-ទូទាត់នៅក្នុងប្រទេសកូរ៉េនៅពេលខាងមុខនេះ។

មធ្យោបាយទូទាត់ឌីជីថលនេះនឹងលុបបំបាត់ការប្រើប្រាស់ក្រដាសប្រាក់ មិនលំបាកក្នុងការប្តូររូបិយប័ណ្ណ ធានាបាន​នូវបទពិសោធន៍ដែលមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ខេប៊ីប្រាសាក់ម៉ូបាល និងអតិថិជនរបស់ KB Kookmin Bank ។

ថ្នាក់គ្រប់គ្រង KB Kookmin Bank បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា និង KB Kookmin Bank គឺជាការវិវឌ្ឍថ្មីមួយ និងជាយុទ្ធសាស្ត្រដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន “ធនាគារ ខេប៊ីប្រាសាក់” ផ្តល់ជម្រើសឧបករណ៍ទូទាត់មួយផ្សេងទៀតដល់អតិថិជនជាមួយ​នឹងមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការទូទាត់ដោយពុំចាំបាច់ប្រើក្រដាសប្រាក់ក្នុងប្រទេសកូរ៉េ រួមទាំងការ​ផ្ទេរ​ប្រាក់ដែលមានតម្លៃសមរម្យសម្រាប់ពលករចំណាកស្រុកកម្ពុជាផងដែរ។ ជាមួយគ្នានេះ អតិថិជនរបស់ KB Kookmin Bank នឹងអាចស្កេន-ទូទាត់តាមរយៈខេអេចឃ្យូអរកូតរបស់ខេប៊ីប្រាសាក់នៅកម្ពុជាផងដែរ។

លោកបានបន្ថែមថា ដំណោះស្រាយការទូទាត់ និងផ្ទេរប្រាក់ប្រកបដោយភាពច្នៃប្រឌិត នឹងក្លាយជាបណ្តាញសុវត្ថិភាព ងាយស្រួល និងជាផ្លូវការសម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនតាមឃ្យូអរកូត ដែលផ្តល់អត្ថប្រយោជន៍ មិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀត​ផង។ ធនាគារ ខេប៊ីប្រាសាក់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KB Kookmin Bank នៅកម្ពុជា នឹង​ដើរតួយ៉ាងសំខាន់ក្នុងការបង្កើត និងដំណើរការប្រព័ន្ធទូទាត់ រួមទាំងដើរតួនាទីជាធនាគារទូទាត់សម្រាប់ប្រតិបត្តិការសេវាទូទាត់ឆ្លងដែននេះ។

ថ្នាក់គ្រប់គ្រងរបស់ធនាគារសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមនេះ និងផ្តល់ឱកាសដ៏ល្អដល់ KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមក្នុងប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ឆ្លងដែនប្រកបដោយភាពរលូន។

សូមបញ្ជាក់ថា KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ បានជួយឧបត្ថម្ភថ្លៃវះកាត់ដល់កុមារជាង 100 នាក់ ដែលមានជំងឺបេះដូង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ 2014 មកម៉្លេះ។ បន្ថែម​លើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ បានគាំទ្រសកម្មភាពមនុស្សធម៌នានា ដូចជាការបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា អង្គការស្នាមញញឹមកម្ពុជា និងការកសាងវប្បធម៌អានរបស់សិស្សានុសិស្សកម្ពុជាតាម​រយៈ​គម្រោង​បណ្ណាល័យ។

អគារសិក្សាដ៏ស្រស់ស្អាតមួយខ្នងបានប្រគល់ជូនសាលាបឋមសិក្សាអូរទឹកថ្លា ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ អគារសិក្សាថ្មីមួយខ្នង ដែលមាន 5 បន្ទប់ បានធ្វើពិធីប្រគល់ជូនដល់សាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃចន្ទ ទី 22 ខែមេសា ឆ្នាំ 2024 ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្ដម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា, លោក ឡង គីសឹង អភិបាលនៃគណៈអភិបាលស្រុកសន្ទុក, និងលោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក។ ពិធីនេះក៏មានការចូលរួមផងដែរពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីនោះ លោក អ៊ុំ សមអឿន បានមានប្រសាសន៍ថា ទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រទេសជាតិ គឺធនធានមនុស្ស។ ស្របតាមបេសកកម្មសង្គម ធនាគារ ខេប៊ីប្រាសាក់ ​បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកម្ពស់វិស័យអប់រំ។ រហូតមកដល់ពេលនេះ ខេប៊ីប្រាសាក់បានផ្តល់អគារបណ្ណាល័យចំនួន 45 ខ្នង ជូនវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សានានានៅក្នុងខេត្តផ្សេងៗទូទាំងប្រទេស  ដោយមានបំពាក់ទៅដោយសម្ភារៈបរិក្ខារ សៀវភៅនិងឯកសារ ព្រមទាំងផ្តល់ការបណ្តុះបណ្តាល បណ្ណារក្ស ស្របតាមបទដ្ឋានបណ្ណាល័យក្រសួងអប់រំ យុវជន និងកីឡា។

ដោយឡែកសម្រាប់សាលាបឋមសិក្សាអូរទឹកថ្លា ធនាគារបានសាងសង់អគារសិក្សាមួយខ្នង ដែលមាន 5 បន្ទប់ ដែលមានបំពាក់សម្ភារៈបរិក្ខារយ៉ាងពេញលេញ ដើម្បីផ្តល់នូវបន្ទប់រៀន ក៏ដូចជាបរិយាកាសក្នុងការបង្រៀននិងរៀន កាន់តែល្អប្រសើរសម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។ ធនាគារ ខេប៊ីប្រាសាក់ ពិតជាមានមោទនភាពក្រៃលែងដែលបានចូលរួមជាមួយគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើឱ្យអគារសិក្សានេះលេចចេញជារូបរាងនៅក្នុងសាលារៀនដាច់ស្រយាលនិងជួបការលំបាកនៃសហគមន៍អូរទឹកថ្លានេះ។ លោកក៏បានសំណូមពរដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូលមេត្តាចូលរួមថែរក្សាសមិទ្ធផលអគារសិក្សានេះ ឱ្យបានល្អគង់វង្ស ដើម្បីអាចប្រើប្រាស់រាប់ជំនាន់យូរអង្វែងទៅមុខទៀត និងសូមជំរុញកូនចៅរបស់យើងឱ្យបានចូលសាលាគ្រប់ៗគ្នា។

ចំណែកឯ ឯកឧត្ដម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា ពិតជាមានមោទនភាពដែលបានផ្ដួចផ្ដើមកសាងអគារសិក្សានេះ ដោយមើលឃើញពីទុក្ខលំបាករបស់សិស្សានុសិស្សនៅសាលានេះ​ដែលគ្មានអគារសិក្សា​សមរម្យ។ ក្នុងនាមឪពុកម្ដាយ និងអាណាព្យាបាលសិស្ស ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ធនាគារ ខេប៊ីប្រាសាក់ ដែលចំណាយថវិកាទាំងស្រុងកសាងអគារសិក្សាដែលមានប 5 បន្ទប់នេះ។ អគារសិក្សាដ៏ស្រស់ស្អាតនិងរឹងមាំនេះ នឹងជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងមករៀនទៀងទាត់ ទាន់កម្មវិធីសិក្សា មិនបារម្ភរឿងភ្លៀងខ្យល់ ក្ដៅ ត្រជាក់នោះទេ។ ទន្ទឹម​នឹងនេះដែរ ឯកឧត្ដមក៏បានសំណូមពរដល់មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវបញ្ជូនកូនមករៀនឱ្យបានគ្រប់គ្នា មិនថាប្រុស ឬ ស្រី ឡើយ ដោយបានលើកឡើងពីសារៈសំខាន់នៃការសិក្សាសម្រាប់ការកសាងជីវភាពគ្រួសារ។ ការបញ្ជូនកូនទៅសាលា គឺប្រៀបដូចជាការសន្សំទ្រព្យឱ្យកូន ការវិនិយោគលើអនាគតកូន ដើម្បីក្លាយជាធនធានដ៏ល្អក្នុងការកសាងសង្គមជាតិ។ ឯកឧត្ដមក៏បានសង្កត់ធ្ងន់ក្នុងការបញ្ជូនកូនស្រីឱ្យទៅសិក្សាឱ្យវែងឆ្ងាយ ឱ្យបានខ្ពស់ ព្រោះថាមិនថាប្រុសឬស្រី សុទ្ធតែមានសមត្ថភាពដូចគ្នា ឱ្យតែខិតខំប្រឹងប្រែង។

អំពី ធនាគារខេប៊ីប្រាសាក់

ធនាគារ ខេប៊ីប្រាសាក់ ម.ក ជាធនាគារពាណិជ្ជដ៏ធំថ្មីមួយនៅកម្ពុជា ប្រសូតឡើងពីការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ ធនាគារ ខេប៊ីប្រាសាក់ ជាធនាគារសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ដោយរាប់ចាប់ពីអាជីវកម្មខ្នាតតូចនៅតាមតំបន់ជនបទ រហូតដល់សហគ្រាសធំៗលំដាប់អន្តរជាតិ។ យើងតាំងចិត្តយ៉ាងមុតមាំក្នុងផ្ដល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់អតិថិជនគ្រប់ជំនាន់ និងក្លាយជាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់អ្នក។ ព័ត៌មានបន្ថែម www.kbprasacbank.com.kh

ពិធីសូត្រមន្តចម្រើនសិរីសួស្ដីឆ្នាំថ្មី ប្រពៃណីខ្មែរ

ធនាគារ ខេប៊ីប្រាសាក់ ម.ក បានប្រារព្ធពិធីសូត្រមន្ត នៅការិយាល័យកណ្តាល និងសាខាទាំងអស់នៅគ្រប់ខេត្តក្រុងនិងរាជធានី ដើម្បីលើករាសី ប្រោះព្រំ ទទួលពរជ័យពីព្រះសង្ឃ និងអបអរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ ជ័យមង្គល កើតមានដល់ សម្ដេច ឯកឧត្ដម ឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ទទួលបានសិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងរីកចម្រើនជាមួយគ្នាជានិរន្តរ៍។

ពិធីសម្ពោធជាផ្លូវការធនាគារពាណិជ្ជថ្មី “ធនាគារ ខេប៊ីប្រាសាក់ ម.ក”

ភ្នំពេញ – ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជថ្មីមួយនៅកម្ពុជា ប្រសូតឡើងពីការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2024 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការធ្វើជាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់គ្រប់អតិថិជន។

នៅក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត ជា សិរី បានអបអរសាទរចំពោះការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានទាំងពីរ បង្កើតជាធនាគារពាណិជ្ជថ្មីមួយដ៏ធំ ដោយមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលគ្នា ដែលនឹងជួយពង្រឹងស្ថិរភាពនិងភាពធន់របស់គ្រឹះស្ថាន តាមរយៈការកើនឡើងនូវទ្រព្យសកម្មនិងប្រាក់បញ្ញើ ការបង្កើនលទ្ធភាពទទួលបានប្រភពហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងចម្រុះជាងមុន ការកាត់បន្ថយចំណាយ ការពង្រីកទីផ្សារ និងពិពិធកម្មផលិតផលនិងសេវាកាន់តែសម្បូរបែបសម្រាប់អតិថិជន ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលការណ៍នេះនឹងគាំទ្រដល់កំណើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

លោកជំទាវ បណ្ឌិត ក៏បានលើកទឹកចិត្តដល់ ធនាគារ ខេប៊ីប្រាសាក់ 1).បន្តនូវស្មារតីរួមចំណែកគាំទ្រ និងអភិវឌ្ឍសហគមន៍ ព្រមទាំងបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសការធ្វើនវានុវត្ដន៍សេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម 2).បន្តយកចិត្តទុកដាក់លើកិច្ចការពារអតិថិជន និងតម្លាភាពក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងសង្គម 3).ផ្ដល់ជូនអតិថិជននូវកម្ចីជាមួយអត្រាសមរម្យ និង 4).ជំរុញការទទួលបានហិរញ្ញប្បទានរបស់ស្ត្រី និងឥណទានបៃតង ស្របតាមតម្រូវការរបស់អតិថិជន។

ថ្លែងក្នុងពិធីនេះ លោក Yang Jong Hee ប្រធាននាយកប្រតិបត្តិ KB Financial Group Inc. បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជា ក្នុងភាពជាដៃគូសេដ្ឋកិច្ច ក្នុងរយៈកាលជាង 25 ឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅឆ្នាំ 2022 ការកើនឡើងនៃការវិនិយោគ ឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងការពង្រឹងធនធានមនុស្សតាមរយៈការទទួលនិស្សិតឱ្យទៅធ្វើការ និងសិក្សានៅប្រទេសកូរ៉េ។

លោកបានបន្ថែមថា ស្របតាមយុទ្ធសាស្ត្រពង្រីកទីផ្សារនៅក្រៅប្រទេស និងដោយមើលឃើញពីសក្ដានុពលនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា, KB Financial Group បានឈានជើងចូលទីផ្សារកម្ពុជាដោយបានបង្កើត ធនាគារ គូកមីន កម្ពុជា (Kookmin Bank Cambodia) ក្នុងឆ្នាំ 2009 និងធនាគារឯកទេស ខេប៊ី ដេហាន (KDSB) នៅឆ្នាំ 2018 បន្ទាប់មកនៅឆ្នាំ 2021 KB Financial Group ក៏បានទទួល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាសមាជិកថ្មីរបស់ខ្លួន។ ហើយនៅក្នុងខែសីហា ឆ្នាំ 2023 ធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានរួមបញ្ចូលគ្នាជាធនាគារពាណិជ្ជក្រោមឈ្មោះថ្មីថា «ធនាគារ ខេប៊ីប្រាសាក់ ម.ក» ដែលនាំឱ្យមានពិធីសម្ពោធជាផ្លូវការនៅថ្ងៃនេះ។

លោក Yang បានបន្តទៀតថា KB Financial Group, ជាបណ្តុំក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់លេខមួយនៅប្រទេសកូរ៉េ ចំណែកឯ ធនាគារ គូកមីន ក៏ជាធនាគារពាណិជ្ជធំជាងគេនៅកូរ៉េដែរ, គឺជាក្រុមហ៊ុនមេរបស់ ធនាគារ ខេប៊ីប្រាសាក់ ដែលនឹងនាំយកនូវបទពិសោធន៍ធនាគារ បច្ចេកវិទ្យាព័ត៌មាន សមត្ថភាពផ្នែកឌីជីថល និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា តាមរយៈធនាគាររួមបញ្ចូលគ្នានេះ។

ធនាគារ ខេប៊ីប្រាសាក់ មិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ តែក៏ជួយដល់រាល់ការផ្តល់ការប្រឹក្សា និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនផងដែរ។ លោក Yang បានបន្ថែមថា៖ «អតិថិជនរបស់យើង គឺតែងតែជាអាទិភាពទីមួយ ហើយ ធនាគារ ខេប៊ីប្រាសាក់ នឹងផ្តល់ជូនសេវាហិញ្ញវត្ថុដ៏ប្រសើរដែលសមស្រប និងត្រូវតាមដំណើរជីវិតរបស់អតិថិជន និងប្រាថ្នាក្លាយជាដៃគូហិរញ្ញវត្ថុដែលជាទីទុកចិត្តពេញមួយជីវិតរបស់អតិថិជន»។

ជាមួយគ្នានេះដែរ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះដំណើរឆ្ពោះទៅមុខនេះ ដោយមានប្រសាសន៍ថា៖ «យើងខ្ញុំមានសេចក្តីរំភើបយ៉ាងក្រៃលែង ដោយបានរួមបញ្ចូលគ្នាតែមួយ ជា ធនាគារ ខេប៊ីប្រាសាក់ ដែលជួយឱ្យយើងនឹងកាន់តែរឹងមាំដើម្បីបន្តបំពេញនូវបេសកកម្មពោរពេញដោយអត្ថន័យក្នុងការជំរុញលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ យើងនឹងមានលទ្ធភាពកាន់តែច្រើនជាងមុនក្នុងការផ្ដល់ជូនសេវាប្រកបដោយភាពច្នៃប្រឌិត ជូនអតិថិជនគ្រប់ជំនាន់ តាមរយៈការរួមបញ្ចូលនូវបទពិសោធន៍ ជំនាញបច្ចេកទេស និងប្រភពធនធាននានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាឯកត្តជន ជាក្រុមហ៊ុន និងជាសហគ្រាសធុនតូចនិងមធ្យម»។

លោកបន្តថា ធនាគារ ខេប៊ីប្រាសាក់ បានប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ខ្លួន ដោយផ្ដោតជាសំខាន់លើអតិថិជន ដើម្បីប្រាកដថារាល់ការសម្រេចចិត្តរបស់យើង គឺត្រូវតែចាត់ទុកផលប្រយោជន៍អតិថិជនជាធំ។ ធនាគារ ខេប៊ីប្រាសាក់ នឹងក្លាយទៅជាធនាគារសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ដោយរាប់ចាប់ពីអាជីវកម្មខ្នាតតូចនៅតាមតំបន់ជនបទ រហូតដល់សហគ្រាសធំៗលំដាប់អន្តរជាតិ។ យើងក៏តាំងចិត្តយ៉ាងមុតមាំក្នុងផ្ដល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់អតិថិជនគ្រប់ជំនាន់។

ជាចុងក្រោយ លោក អ៊ុំ សមអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្ម និយ័តករពាក់ព័ន្ធ អាជ្ញាធរដែនដី ចំពោះការផ្តល់ឱវាទ និងជាពិសេសអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងជ្រើសរើសយក ធនាគារ ខេប៊ីប្រាសាក់ ជាដៃគូហិរញ្ញវត្ថុពេញមួយជីវិត។

អំពីធនាគារ ខេប៊ីប្រាសាក់

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការនៅខែសីហា ឆ្នាំ 2023 និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ។ ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងបទពិសោធជិត 30 ឆ្នាំរបស់ប្រាសាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងនវានុវត្តន៍ហិរញ្ញវត្ថុលំដាប់ពិភពលោករបស់ធនាគារ KB Kookmin Bank ក្នុងវិស័យធនាគារ ធ្វើឱ្យ ខេប៊ីប្រាសាក់ អាចផ្តល់នូវសេវានិងផលិតផលធនាគារប្រកបដោយនវានុវត្តន៍កាន់តែទូលំទូលាយជូនដល់អតិថិជននៅក្នុងទីផ្សារធនាគារកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន 5.7 ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំចំនួន 3.1 ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបចំនួន 5.0 ប៊ីលានដុល្លារអាមរិក ការិយាល័យសាខាចំនួន 192 និងបុគ្គលិកជាង 10,000  នាក់ គិតត្រឹមដំណាច់ឆ្នាំ 2023 ។ ធនាគារ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ជូនដល់គ្រប់អតិថិជន។

ឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់សម្រាប់ម្ចាស់អាជីវកម្ម ប្រើ ខេប៊ីប្រាសាក់ KHQR ដើម្បីទទួលការស្កេនទូទាត់

ឈ្នះ! ឈ្នះ! ឈ្នះ! ឱកាសឈ្នះរង្វាន់សម្រាប់ពាណិជ្ជករធនាគារខេប៊ីប្រាសាក់ ទាំងចាស់ ទាំងថ្មី ដែលប្រើប្រាស់ KHQR របស់ ធនាគារខេប៊ីប្រាសាក់ ដើម្បីទទួលការស្កេនទូទាត់ពីអតិថិជនដែលប្រើកម្មវិធី KB PRASAC Mobile ឬ កម្មវិធីធនាគារចល័តនៃធនាគារផ្សេង! ពាណិជ្ជករដែលមានប្រតិបត្តិការច្រើន និងទទួលទឹកប្រាក់ច្រើន នឹងត្រូវបានជ្រើសរើសសម្រាប់ការចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ជាច្រើន។

ធនាគារខេប៊ីប្រាសាក់ ដែលជាធនាគារពាណិជ្ជនាំមុខគេនៅកម្ពុជា បានបង្កើតកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ឬ ពាណិជ្ជករដែលប្រើ KB PRASAC KHQR ដើម្បីទទួលការស្កេនទូទាត់ពីអតិថិជនពីគ្រប់ធនាគារ។

ល.ររង្វាន់ចំនួនរង្វាន់លក្ខខណ្ឌ
1ម៉ូតូ Honda Dream 20243ទទួលប្រតិបត្តិការ ≥ 150 ដង ឬ ទទួលទឹកប្រាក់ ≥ 2,000 ដុល្លារ ឬ សមមូលប្រាក់រៀល ក្នុងមួយខែ
2ទូរស័ព្ទ iPhone 15 Pro Max6ទទួលប្រតិបត្តិការ ≥ 100 ដង ឬ ទទួលទឹកប្រាក់​​ ≥ 1,500 ដុល្លារ ឬ សមមូលប្រាក់រៀល ក្នុងមួយខែ
3ធុងបាស JBL PartyBox 31012ទទួលប្រតិបត្តិការ ≥ 80 ដង ឬ ទទួលទឹកប្រាក់​​ ≥ 1,000 ដុល្លារ ឬ សមមូលប្រាក់រៀល ក្នុងមួយខែ
4ទឹកប្រាក់ 100$
ទឹកប្រាក់ 50$
ទឹកប្រាក់ 20$
90
180
450
ទទួលប្រតិបត្តិការ ≥ 20 ឬ ទទួលទឹកប្រាក់ ≥ 300 ដុល្លារ ឬ សមមូលប្រាក់រៀល ក្នុងមួយខែ

កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី 01 កុម្ភៈ ឆ្នាំ 2024 នេះ រហូតដល់ថ្ងៃ 3០ មេសា 2024 ។
ការចាប់រង្វាន់ធ្វើឡើង នៅរៀងរាល់សប្តាហ៍ទី 1 នៃខែបន្ទាប់សម្រាប់លទ្ធផលប្រតិបត្តិការក្នុងខែមុន។
 
ម្ចាស់អាជីវកម្មម្នាក់ អាចឈ្នះបានរង្វាន់លើសពីមួយ ដោយគោរពតាមលក្ខខណ្ឌខាងក្រោម៖

  • ​​អ្នកឈ្នះរង្វាន់ម៉ូតូ ឬ ទូរស័ព្ទ ឬ ធុងបាស អាចបន្តឈ្នះរង្វាន់ទឹកប្រាក់នៅខែបន្ទាប់
  • អ្នកឈ្នះរង្វាន់ទឹកប្រាក់ អាចបន្តឈ្នះរង្វាន់ម៉ូតូ ឬ ទូរស័ព្ទ ឬ ធុងបាសនៅខែបន្ទាប់
  • ចំនួនប្រតិបត្តិការទូទាត់ចន្លោះពី 30 ទៅ 60 ដង ឡើងទៅក្នុងមួយខែ ដែលទទួលបានពីអតិថិជនតែម្នាក់នឹងមិនត្រូវបានរាប់បញ្ចូលនៅក្នុងលក្ខខណ្ឌចាប់រង្វាន់នេះឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 086 999 911

ធនាគារ ខេប៊ីប្រាសាក់ ​បន្តបង្កើន​បទ​ពិសោធន៍ការធ្វើប្រតិបត្តិការ​ធនាគារជាមួយបច្ចេកវិទ្យាទំនើប

ភ្នំពេញ – ថ្ងៃទី 1 ខែ កុម្ភៈ ឆ្នាំ 2024៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជថ្មីនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយ​រួមបញ្ចូល​គ្នា​រវាងធនាគារ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី និង ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក បានដំណើរការប្រព័ន្ធធនាគារស្នូលរបស់ខ្លួនដោយប្រើប្រាស់ប្រព័ន្ធ Oracle FLEXCUBE 14.7 ជំនាន់ចុងក្រោយបំផុត។ ធនាគារ ខេប៊ីប្រាសាក់ ក្លាយជាធនាគារពាណិជ្ជដំបូងគេដែលប្រើប្រាស់ជំនាន់ចុងក្រោយបំផុតនៃប្រពន័្ធធនាគារស្នូលនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពជាយុទ្ធសាស្រ្តនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការធ្វើទំនើបកម្ម ដែលអនុញ្ញាតឱ្យធនាគារផ្តល់នូវសេវាធនាគារយ៉ាងទូលំទូលាយ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃប្រសិទ្ធភាព សុក្រឹតភាព និងសុវត្ថិភាព។

            ការធ្វើទំនើបកម្មនៃ Oracle FLEXCUBE ផ្ដល់លទ្ធភាពដល់ ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងមុខងារសេវាធនាគារមួយដ៏ពេញលេញ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតផលិតផលនិងសេវាប្រកបដោយភាពច្នៃប្រឌិត។ ការប្រើប្រាស់ដំណោះស្រាយស្វ័យប្រវត្តិនិងគ្មានក្រដាសនេះ នឹងបង្កើនផលិតភាព និងលើកកម្ពស់សុវត្ថិភាព ដែលរួមមានការធ្វើឌីជីថលូបនីយកម្មនៃប្រព័ន្ធ ដូចជាកម្មវិធីសេវាធនាគារចល័ត កម្មវិធីពាណិជ្ជករ សេវាធនាគារតាមអ៊ីនធឺណិតសាជីវកម្ម ប្រព័ន្ធគាំទ្រប្រាក់កម្ចី (LSS) ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការប្រឆាំងការលាងសម្អាតប្រាក់។

          គណៈគ្រប់គ្រង់ ធនាគារ ខេប៊ីប្រាសាក់ បានសម្តែងការពេញចិត្តចំពោះធនាគារស្នូល ការធ្វើទំនើបកម្មសេវាធនាគារឌីជីថល និងប្រព័ន្ធគាំទ្រផ្សេងៗទៀត។ លោក​បាន​កត់​សម្គាល់​ថា «ការធ្វើទំនើបកម្ម​នៃ​បច្ចេកវិទ្យា​នេះ​អាចឱ្យ​យើង​បម្រើ​​អតិថិជនគ្រប់ប្រភេទ​កាន់តែ​មាន​ប្រសិទ្ធភាព។ យើងមានសេចក្ដីរំភើបចំពោះសក្តានុពលក្នុងការពង្រីកការផ្តល់សេវារបស់យើង និងលើកកំពស់សមត្ថភាពរបស់យើងជា​ធនាគារ​ពាណិជ្ជ​ដ៏​លេញលេញផង​ដែរ​»។

            លោកបានបន្តទៀតថា ធនាគារ ខេប៊ីប្រាសាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាធនាគារឌីជីថលនៅកម្ពុជា ដោយប្តេជ្ញាផ្តល់ដំណោះស្រាយឌីជីថលដ៏ទំនើបជូនដល់អតិថិជន។ ប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី គឺស្របតាមចក្ខុវិស័យនេះ ដោយធ្វើឱ្យធនាគារ មានលទ្ធភាពកាន់តែប្រសើរជាងមុនក្នុងការផ្ដល់សេវាធនាគារឌីជីថល។ រួមជាមួយនឹងការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល ធនាគារ ខេប៊ីប្រាសាក់ ក៏បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទប្រកបដោយភាពច្នៃប្រឌិត ចំនួន 3 ផ្សេងគ្នា ដើម្បីបម្រើអតិថិជនប្រភេទផ្សេងៗគ្នា៖

  1. កម្មវិធី KB PRASAC Mobile ៖ ជាកម្មវិធីធនាគារចល័តដែលរចនាឡើងសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយផ្តល់នូវបទពិសោធន៍ប្រតិបត្តិការ និងសុវត្ថិភាពក្នុងការចូលប្រើប្រាស់សេវាធនាគារ ។
  2. កម្មវិធី KB PRASAC Merchant ៖ ជាកម្មវិធីជំនួយដល់ការលក់សម្រាប់អាជីវកម្ម និងពាណិជ្ជករ ដែលជួយសម្រួលដល់ការទទួលយកការទូទាត់យ៉ាងងាយស្រួល និងមានសុវត្ថិភាព។
  3. កម្មវិធី ខបភើរេតប៊ែងឃីង៖ រចនាឡើងសម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និងក្រុមហ៊ុន ដែលផ្តល់នូវសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់និងទំនើប។

លោក Byoung-Joon Choi ប្រធានគម្រោង LG CNS មានប្រសាសន៍ថា យើងមានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនដែលបានធ្វើលើការងាររួមបញ្ចូលប្រព័ន្ធ ក្នុងការជួយឱ្យធនាគារ ខេប៊ីប្រាសាក់ អនុវត្តគម្រោងការរួមបញ្ចូលប្រព័ន្ធព័ត៌មានវិទ្យា និងឌីជីថល រវាង ធនាគារ​ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី និង ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក។ ធនាគារ ខេប៊ីប្រាសាក់ បានរក្សាភាពខ្លាំងរបស់ខ្លួន ខណៈពេលដែលបានដាក់ឱ្យដំណើរការយ៉ាងសកម្មនូវបច្ចេកវិជ្ជាព័ត៌មានវិទ្យាថ្មីៗ ដើម្បីមានឧត្ដមភាពប្រកួតប្រជែងក្នុងនាមជាធនាគារពាណិជ្ជ។ ការប្រើប្រាស់ប្រព័ន្ធ Oracle Flexcube ជំនាន់ចុងក្រោយបំផុត ប្រព័ន្ធសេវាធនាគារឌីជីថល និងប្រព័ន្ធគាំទ្រប្រាក់កម្ចី នឹងជ្រោមជ្រែងដល់សមត្ថភាពប្រកួតប្រជែងក្នុងផ្នែកលក់។

            លោកបានបន្ថែមថា ខេប៊ីប្រាសាក់ បានធ្វើទំនើបកម្មកម្មវិធីទូរស័ព្ទ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបើកគណនីតាមទូរស័ព្ទ ការផ្ទេរប្រាក់ទៅក្រៅប្រទេស និងមុខងារផ្តល់ប្រាក់កម្ចីតាមទូរស័ព្ទ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់សេវាសេវាធនាគារតាម អ៊ីនធឺណិតសម្រាប់អតិថិជនសាជីវកម្ម និងកម្មវិធីពាណិជ្ជករសម្រាប់ពាណិជ្ជករ។ ធនាគារខេប៊ីប្រាសាក់ មានប្រព័ន្ធធនាគារដ៏ជាទីទុកចិត្តបាន ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធប្រឆាំងការលាងសម្អាតប្រាក់។

លោក Vinayak Hampihalikar នាយករងនៃ Oracle Financial Services បានប្រសាសន៍ថា «ដោយប្រើប្រាស់ Oracle Banking Suite ជាប្រព័ន្ធធនាគារស្នូល ធនាគារខេប៊ីប្រាសាក់អាចពង្រីកទំហំអាជីវកម្មរបស់ខ្លួន ផ្តល់សេវាថ្មីៗជូនដល់អតិថិជន និងជំរុញសេវាទាំងនោះឱ្យកាន់តែលឿន និងសន្សំសំចៃ។ សម្រាប់ Oracle, ធនាគារ ខេប៊ីប្រាសាក់ មានដៃគូដ៏គួរឱ្យទុកចិត្ត និងរយៈពេលវែង ដែលអាចផ្តល់នូវកម្មវិធីផ្លាស់ប្តូរ ដែលនាំឱ្យការរួមបញ្ចូលគ្នាសម្រាប់ស្ថាប័នហិរញ្ញវត្ថុចំនួនពីរ ពោលគឺមួយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមួយទៀតធនាគារពាណិជ្ជ។ ភាពជោគជ័យរបស់គម្រោងគឺអាចសម្រេចទៅបានដោយការខិតខំប្រឹងប្រែងរបស់ធនាគារ ខេប៊ីប្រាសាក់ ក្រុមហ៊ុន LG CNS និង Oracle ដែលបានរួមសាមគ្គីគ្នាជាក្រុមមួយ ដើម្បីផ្តល់នូវការលទ្ធផលផ្លាស់ប្តូរប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលា។ ការដាក់ឱ្យដំណើរការជាផ្លូវការទាន់ពេលវេលា បានធ្វើឱ្យមានលទ្ធផលផ្លាស់ប្តូរប្រកបដោយចំណាយតិច ដែលអនុញ្ញាតឱ្យធនាគារបម្រើអតិថិជនបានលឿនជាងមុន និងនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍នៅកម្ពុជា»។

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.ក
ធនាគារ ខេប៊ីប្រាសាក់ មានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការនៅខែសីហា ឆ្នាំ 2023 និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ។​ ធនាគារ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ជូនដល់គ្រប់អតិថិជន។ ព័ត៌មានបន្ថែម www.kbprasacbank.com.kh

អំពី LG CNS
ដោយបង្កើតឡើងក្នុងឆ្នាំ 1987 ក្រុមហ៊ុន LG CNS គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកសេវាព័ត៌មានវិទ្យារបស់ LG Group ដែលផ្តល់សេវាបច្ចេកវិទ្យាសម្រាប់បរិវត្តកម្មឌីជីថលដល់អតិថិជនជាច្រើនក្នុង 14 ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ LG CNS ផ្តល់សេវាអភិវឌ្ឍនិងប្រតិបត្តិការប្រព័ន្ធសម្រាប់ស្ថាប័នសាធារណៈ ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនទូរគមនាគមន៍ និងស្ថាប័នហិរញ្ញវត្ថុ។ LG CNS មានគោលបំណងពង្រីកសេវាកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាដោយផ្តោតលើប្រព័ន្ធស្នូល និងការបរិវត្តកម្មឌីជីថលនៃសេវាធនាគារ កាត ការធានារ៉ាប់រង និងមូលបត្របំណុល។

អំពី Oracle
Oracle ផ្តល់ជូននូវការរួមបញ្ចូលគ្នានៃកម្មវិធី រួមទាំងសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធស្វយ័តនៅក្នុង Oracle Cloud ។ សម្រាប់ព័ត៌មានបន្ថែមអំពី Oracle (NYSE: ORCL) សូមចូលទៅកាន់ www.oracle.com