ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េ គឺ ធនាគារ KB Kookmin Bank បានទទួលលិខិតសរសើរពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលប្រាសាក់ទទួលបាននាមជាសហគ្រាសបង់ពន្ធលើប្រាក់ចំណូលច្រើនជាងគេ ប្រចាំឆ្នាំ 2022។
នៅក្នុងលិខិតសរសើរនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចំណារថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះលោក-លោកស្រីនាយកគ្រឹះស្ថាន ដែលបានប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 2022 ច្រើនជាងគេ ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងចំណោមសហគ្រាសចំនួន 10 ដែលបានប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 2022 ច្រើនជាងគេ។ ការបំពេញកាតព្វកិច្ចបង់ពន្ធបានល្អនិងដោយស្ម័គ្រចិត្តរបស់សហគ្រាសលោក-លោកស្រី គឺជាគំរូដ៏ល្អសម្រាប់សហគ្រាសនានា ជាពិសេសការឆ្លុះបញ្ចាំងពីអនុលោមភាពសារពើពន្ធកម្រិតខ្ពស់ និងអភិបាលកិច្ចសាជីវកម្មដ៏ល្អប្រសើររបស់សហគ្រាស។ ជាមួយគ្នានេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ជូនដល់សហគ្រាសក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនិងរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា»។